មន្ត្រី ជាច្រើនមិន សប្បាយ ចិត្តចំពោះ ការគ្រប់គ្រងដឹកនាំ តាមបែបពុករលួយនិងបក្ខពួកនិយម គ្រួសារនិយមដែល ប្រព្រឹត្តដោយលោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការមួយចំនួនទៀត ដូចជាលោក អេង ហួត ជាដើម គេមិនទាន់ឃើញមាន ចំណាត់ការណាមួយ ដើម្បី ស៊ើបអង្កេតស្រាវជ្រាវបញ្ចប់ពីបញ្ហាអស់ទាំងនេះឱ្យស្របតាមគោលនយោបាយកែទម្រង់ រដ្ឋបាលសាធារណៈ ។
ផ្ទុយទៅវិញទាំងរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏ដូចជារដ្ឋលេខាធិការជាច្រើនទៀត កំពុងតែយកក្រសួងសុខា ភិបាល និងអង្គភាពចំណុះទាំងអស់ធ្វើអាជីវកម្មសម្រាប់គ្រួសារបក្ខពួកនិយម របស់ខ្លួនមិនញញើតពីការ កែ ទម្រង់ ឬវិធានការរឹតបន្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងការណែនាំរបស់លោក ហ៊ុន សែន ឡើយ។
ដូចជាករណីសំណុំឯកសារដេញថ្លៃផ្គត់ផ្គង់ថ្នាំពេទ្យការបញ្ជាទិញសម្ភារៈ បរិក្ខារផ្សេងៗត្រូវបានលោក អេង ហួត អត្ត នោម័តក្តោបក្តាប់យ៉ាងណែនពេញដៃ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ឯងប៉ុណ្ណោះ។
លោកតាអេងហួតបានប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួនចាត់ចែងយ៉ាងផ្តាច់មុខមិនដែលក្រែងញញើតមន្ត្រីជំនាញដែលកាន់ការងារទាំងនោះទេ ។ជាពិសេសគឺធ្វើយ៉ាងណាឱ្យតែមានឱកាសអាចប្រមូលផលប្រយោជន៍យកទៅធ្វើ មានធ្វើបានផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់លោក អេង ហួត ជាច្រើនត្រូវបានតែងតាំងជាអនុប្រធានមន្ទីរពេទ្យ អនុប្រធានមជ្ឈមណ្ឌល ជាតិទាំងអស់ ។ សូម្បីតែកូនប្រុសបង្កើតក៏មានតួនាទីធំ នៅក្នុងកម្មវិធីជាតិរបេងផងដែរ ។ ហើយពេលចុះ បេសកកម្ម ម្តងៗ អ្នកបើកឡានរអ៊ូគ្រប់គ្នា ដូចជាចុះទៅបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ទៅហូបបាយនៅខេត្ត សៀម រាប ហើយមកធ្វើការនៅបន្ទាយមានជ័យវិញ ក៏ព្រោះតែបុរសម្នាក់នោះគាត់មានស្រីញី ច្រើននៅខេត្តសៀមរាប?។
ទង្វើគួរឱ្យស្អប់ខ្ពើមនោះ គឺសាច់ញាតិរបស់លោក អេង ហួត ជាច្រើនទៀត មានតែឈ្មោះបម្រើការងារ ប៉ុន្តែមិនសូវ ឃើញវត្តមានទៅធ្វើការនោះទេ ដូចដែលភាសាសាមញ្ញោគនិយាយថា ដាក់ឈ្មោះដើម្បីបានប្រាក់ខែ ដើម្បីស៊ីលុយ គម្រោងតាមរបៀបពុករលួយ ឬឈ្មោះខ្មោចដើម្បីកើបលុយច្រកហោប៉ៅ ។
តាមមន្ត្រីមួយចំនួនទៀតបានបង្ហើបឱ្យដឹងថា កូនស្រីរបស់លោក អេង ហួត ម្នាក់ត្រូវបានតែងតាំងឱ្យមាន តួនាទីធំនៅ មន្ទីរពេទ្យកុមារជាតិ បើទោះបីជាម្នាក់នោះគ្មានបទពិសោធន៍ការងារអ្វីសោះក៏ដោយ ។ ហើយជាញឹកញាប់លោក អេង ហួត បានផ្តាំផ្ញើមន្ត្រីតូចធំក្នុងក្រសួងសុខាភិបាលថា នៅពេលគាត់ចូលនិវត្តន៍ ឬត្រូវបានផ្លាស់ប្តូរ ចេញពីក្រសួងសុខាភិ បាល រថយន្តរបបរបស់ក្រសួងដែលគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ នេះ ត្រូវចាត់ចែងបញ្ជូនឱ្យកូនស្រី របស់គាត់ប្រើប្រាស់ បន្ត ហើយដែលករណីនេះចង់មិនចង់អ្នកចាស់ត្រូវដើរចេញ ពីព្រោះថាមិនអាចទ្រាំចំពោះអំពើបក្ខពួកនិយមរបស់លោក អេង ហួត បានទេ។ក្រុមមន្ត្រីមួយចំនួនទៀតដែលធ្លាប់ចុះបេសកកម្មតាមបណ្តាខេត្តជាមួយ លោក អេង ហួត ក៏បានបង្ហើបឱ្យដឹងផងដែរថា ពេលចុះបេសកកម្មម្តងៗ លោក អេង ហួត បានចាត់ចែងឱ្យប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យនិងផ្នែកពាក់ព័ន្ធ ក្រោមឱវាទក្រសួងទាំងអស់ ត្រូវតែរៀបចំម្ហូបអាហារសុទ្ធតែជាគ្រឿងប៉ូវកម្លាំង របស់គាត់ ដូចជា គ្រឿងប៉ូវផ្សំជាមួយ ពស់វែក អណ្តើកដុត មានអ្នកកំដរស្អាតៗក្មេងៗ និងត្រូវមានកញ្ចប់សម្រាប់លោក អេង ហួត ចាយវាយផ្ទាល់ខ្លួនផងដែរ។ជុំវិញបញ្ហានេះមន្ត្រីរាជការទាំងតូចទាំងធំនៅក្នុងក្រសួងសុខាភិបាលក៏បានទទូចសុំឱ្យលោក ហ៊ុន សែន គួរតែពិនិត្យមើលអំពើបក្ខពួកគ្រួសារនិយម ក្នុងក្រសួងសុខាភិបាលឡើងវិញផង។ ព្រោះគេល្បីថា ក្រសួងមួយនេះសុទ្ធ សឹង តែជាគ្រួសារនិងបក្ខពួករបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង គ្រួសារលោករដ្ឋលេខាធិការ អេង ហួត តែម្តង ។មន្ត្រីជាច្រើនដែលគ្មានខ្សែទុយោ មិនចេះអែបអបលុតក្រាប និងមិនចេះពុករលួយរកលុយនាំមន្ត្រីធំៗ ដើរសប្បាយ ត្រូវ គេទុកឱ្យនៅ កន្លៀតជញ្ជាំងគ្មានការងារអ្វីធ្វើសមរម្យទេ ទោះជាមានសមត្ថភាពបទពិសោធន៍ មកពីក្រៅប្រទេសក៏ ដោយ។