មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបដិសេធព័ត៌មានដែលផ្សាយថា គណបក្សសង្គ្រោះជាតិ គ្រោងដាក់លិខិតស្នើទៅលោក ហ៊ុន សែន ដើម្បីកំណត់ពេលចរចានយោបាយ។លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបញ្ជាក់ថា គ្មានការជួបប្រជុំផ្ទៃក្នុងណាមួយដែលសម្រេចថា នឹងដាក់លិខិតស្នើសុំចរចាជាមួយលោក ហ៊ុន សែន នោះទេ។ ហើយបក្សប្រឆាំងក៏មិនបានប្តូរគោលជំហរដែលធ្លាប់ទាមទារឲ្យមានការបោះឆ្នោតឡើងវិញឡើយ៖ «អត់មានទេ យើងអត់មានសរសេរទៅទេ អត់មានឡើយ។ ថ្ងៃនេះយើងមានចេញសេចក្ដីថ្លែងការណ៍មួយ ដែលនិយាយពីកំណែទម្រង់បោះឆ្នោត ហើយបើមានការចរចាទ្វារនៅតែបើកចំហ ហើយយើងមានរបៀបវារៈតែ១ គឺកំណែទម្រង់ការបោះឆ្នោតបោះឆ្នោតឡើងវិញ»។
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ គេហទំព័រក្នុងស្រុកមួយបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានបញ្ជាក់ថា លោក សម រង្ស៉ី គ្រោងដាក់លិខិតសុំជួបលោក ហ៊ុន សែន បន្ទាប់ពីលោកត្រឡប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស។ គណបក្សសង្គ្រោះជាតិ ទើបតែចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងការសោកស្ដាយចំពោះគណបក្សកាន់អំណាចដែលសម្រេចជាឯកបក្សបង្កើតគណៈកម្មការស្រាវជ្រាវ និងកែទម្រង់ការបោះឆ្នោត។ បក្សប្រឆាំងចោទថា បក្សកាន់អំណាចបំពានកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៦ ខែកញ្ញា ដែលចែងថា បក្សទាំងពីរប្ដេជ្ញារួមគ្នារៀបចំកែទម្រង់ការបោះឆ្នោត។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា មានប្រសាសន៍ថា ការសម្រេចបង្កើតក្រុមការងារកែទម្រង់ការបោះឆ្នោតជាការបង្ហាញសុឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ ហើយមិនអាចរង់ចាំបក្សប្រឆាំងដែលចេះតែនៅខាងក្រៅបានទេ។
លោកបញ្ជាក់ថា បើបក្សប្រឆាំងចង់ចូលរួមកែទម្រង់ ពួកគាត់អាចចូលចរចាគ្នាបាន ព្រោះក្រុមការងារមានស្រាប់សម្រាប់ចរចា៖«មានន័យថា រដ្ឋាភិបាលនិងបក្សប្រជាជនមានឆន្ទៈ ទោះបីគាត់ថា ដំណើរការរដ្ឋត្រូវតែធ្វើ បើសិនរង់ចាំគាត់មិនដឹងអង្កាល់ទេ»។
គណបក្សជាប់ឆ្នោតទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃទី១៦ និង ១៧ ខែកញ្ញា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ប៉ុន្តែមកទល់ពេលនេះ បក្សទាំងពីរមិនទាន់ស្រុះស្រួលគ្នាឡើយ៕