យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិឲ្យដឹងនៅថ្ងៃពុធថា និងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ បើស្ថាប័នមួយនេះ មិនដោះស្រាយពាក្យបណ្តឹង របស់លោក ដែលប្តឹងលោក ហ៊ុន សែន ក្នុងអំឡុងពេលខែកុម្ភៈនេះ។
លោក នាង សុឃុន យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានប្ដឹងលោក ហ៊ុន សែន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤។ ដោយផ្អែកលើឯកសារមួយចំនួនដូចជា មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១ និង មាត្រា៤ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងមាត្រា៤៤០ ក្រមព្រហ្មទណ្ឌកម្ពុជា។
លោក នាង សុឃុន មានប្រសាសន៍ថា នៅក្នុងកម្មវត្ថុនៃពាក្យបណ្តឹង ដែលលោកប្តឹងលោក ហ៊ុន សែន ទាក់ទងនឹងបទល្មើស កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម។ លោកថា ពាក្យបណ្តឹងនោះ ក្រឡាបញ្ជីសាលាដំបូង បានបោះត្រាទទួលយករួចហើយ ប៉ុន្តែតុលាការមិនទាន់កោះហៅឲ្យចូលបំភ្លឺនៅឡើយ។
លោក នាង សុឃុន បន្តថា បើតុលាការមិនដោះស្រាយទេ នៅខែមីនា លោកនឹងដឹកនាំនិស្សិត យុវជន ប្រមាណ២ពាន់នាក់ ធ្វើបាតុកម្មអហិង្សានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារទឹកដីខ្មែរមកវិញ និងសុំឲ្យតុលាការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា សុក សំអឿន ពន្យល់ថា ប្រសិនបើម្ចាស់បណ្តឹងដាក់ពាក្យប្តឹងទៅប្រធានតុលាការ ហើយរឿងនោះជារឿងព្រហ្មទណ្ឌ គឺប្រធានស្ថាប័នមួយនេះ បញ្ជូនសំណុំរឿងនោះទៅព្រះរាជអាជ្ញា ដើម្បីធ្វើការដោះស្រាយតាមច្បាប់។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា បន្ទាប់ពីតុលាការទទួលបានពាក្យបណ្តឹង ត្រូវជូនដំណឹងមកម្ចាស់បណ្តឹងឲ្យទាន់ពេលសមរម្យ។ លោកថា កន្លងមកតុលាការតែងតែពន្យារពេល ឬមិនដោះស្រាយតែម្តង ចំពោះម្ចាស់បណ្តឹងណាដែលមិនមានប្រយោជន៍នយោបាយជាដើម ដោយលោកលើកឧទាហរណ៍ករណីលោកស្រី មួរ សុខហួ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះដែរ។
លោក នាង សុឃុន ឲ្យដឹងទៀតថា លោកហ៊ុន សែនចុះហត្ថលេខាកាត់កោះត្រល់ឲ្យទៅវៀត ណាមនៅឆ្នាំ១៩៨២ និងតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ កន្លងមក លោកលោក ហ៊ុន សែន ក៏ធ្លាប់រងនូវបណ្ដឹងរបស់លោកស្រី មួរ សុខហួរ និងលោក សួង សោភ័ណ្ឌ ផងដែរ៕