លោ​ក ​រស់ ​សា​រិទ្ធ ​និ​ង លោ​ក ​ប៊ុត ​សុភ័​ក្ត្រ និ​ង ពង្រា​យ​កម្លាំ​ង​ប៉េអឹ​ម​ដាក់ប៉ុ​ស្តិ៍ជ​ជុះ

ខេត្តកណ្តាល ​សេចក្តីរាយការណ៍ ពី​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ នៅក្នុង​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ក្រោយ ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា គេ​សង្កេតឃើញ​កម្លាំង​កង​រាជអាវុធហត្ថ មាន​តាំង​រថយន្ត​ស៊ី​រ៉ែ​ន ឬ​រថយន្ត​សម្រាប់​ប្រដេញ បង្កើតជា​ប៉ុស្តិ៍​ជជុះ​តាម​ផ្លូវជាតិ​សំខាន់ៗ ចូល​រាជធានី​ភ្នំពេញ ហើយ​អ្នកគ្រប់គ្រង​កម្លាំង ដែល​ចុះ​ដាក់​​ប៉ុស្តិ៍​ជជុះ​តាម​ផ្លូវជាតិ​នេះ ដឹកនាំ​ដោយ​លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ ជា​មនុស្ស​ជំនិត​បំផុត របស់លោក មាស សុវណ្ណ​។ ដូចដែល​មន្ត្រី​អាវុធហត្ថ​ជា​ច្រើន បាន​លើកឡើងថា ចាប់តាំងពី​មានការ​កែទម្រង់ ផ្លាស់ប្តូរ​មន្ត្រី​មួយចំនួន កាលពី​ប៉ុន្មាន​ខែ​មុននេះ លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ បាន​ក្លាយជា​អ្នក​ក្តោប​ក្តាប់ ការងារ​ប្រមូល​សេដ្ឋកិច្ច យកទៅ​បង់​ជូន ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​។​

​លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ ជា​មនុស្ស​ជំនិត​បំផុត របស់លោក មាស សុវណ្ណ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកណ្តាល ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ដឹកជញ្ជូន​កសិផល ចេញទៅ​ស្រុក​យួន ឬ​ដឹកជញ្ជូន​មក​លក់ នៅ​រាជធានី​ភ្នំពេញ ក្តៅក្រហាយ​យ៉ាងខ្លាំង ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ភាពអនាធិបតេយ្យ របស់​កងរាជអាវុធហត្ថ ខេត្តកណ្តាល នាពេល​បច្ចុប្បន្ននេះ កំពុង​ជះឥទ្ធិពល​មិនល្អ ដល់​ថ្នាក់លើ​ផងដែរ​។​

អាច​បញ្ជាក់បាន​ថា សិទ្ធិអំណាច​របស់លោក រស់ សារិទ្ធ ធំ​សម្បើម​ណាស់ ដែល​ពេលខ្លះ​មន្ត្រី​អាវុធហត្ថ​តាម​ស្រុក មិន​សប្បាយចិត្ត ចំពោះ​បញ្ហា​ប៉ុស្តិ៍​ជជុះ ដែល​ដេញ​​ស្ទាក់ចាប់​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ យ៉ាង​ប្រសេចប្រសាច​នោះទេ​។ គេ​ស​ង្កេតឃើញ​កម្លាំង​របស់​លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ ល្បាត​ចុះឡើង​ប្រដេញ ឬ​ឃាត់​ឡាន​ដឹកទំនិញ​ឡាន​ដឹក​កសិផល ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ តាម​តែ​ទំនើងចិត្ត​។ សម្រាប់​ក្រុម​ឈ្មួញ​ដែល​រកស៊ី ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពួកគេ​អាចមាន​ប្រាក់ចំណេញ សម្រាប់​បង់លុយ​ឲ្យ​ថ្លៃ​ក្បាល​ឡាន ដល់​កង​រាជអាវុធហត្ថ ក្រោម​បញ្ជា​របស់លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ ប៉ុន្តែ​សម្រាប់​ប្រជាកសិករ ដែល​រកស៊ី​ដឹកជញ្ជូន​កសិផល ចេញទៅ​លក់​នៅ​ស្រុក​យួន ឬ​ដឹក​ចូលមក​លក់​នៅ​ភ្នំពេញ ពេលខ្លះ​រកតែ​ប្រាក់​ទៅផ្ទះ​វិញ សឹង​មិនបាន​ផង​។

​គេ​ចង់ឃើញ​លោក មាស សុវណ្ណ ដែលជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល  ពិនិត្យមើល​ឡើងវិញ​ផង ពី​ភាពអនាធិបតេយ្យ ដែល​បង្កឡើង​ដោយ​លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ ព្រោះ​ការចុះ​ដាក់​ប៉ុស្តិ៍​ជជុះ កោសរូស​បង្ខំ​ឲ្យ អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ដឹកឈើ​ខុសច្បាប់ និង​អ្នក​ដឹកជញ្ជូន​កសិផល បង់លុយ​យ៉ាង​ប្រសេចប្រសាច​តាមផ្លូវ កំពុង​ជះឥទ្ធិពល​មិនល្អ លើ​គោលនយោបាយ កែទម្រង់​ស៊ីជម្រៅ ។គេ​មិន​ច្បាស់​ថា តើ​លោក មាស សុវណ្ណ បានប្រគល់​សិទ្ធិអំណាច ឲ្យ​លោក ប៊ុត សុភ័ក្ត្រ និង​លោក រស់ សារិទ្ធ ធ្វើតាម​អំពើ​ចិត្ត ក្នុងការ​ប្រមូល​លុយ យកទៅ​បង់​ជូន​ថ្នាក់លើ ឬក៏​យ៉ាងណា​នោះទេ​៕

IMG_2975