ប្រភពពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កន្លងមកលោក ញឹក ប៊ុនលេខ តែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រើដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។ ប្រភពដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេខ បានឲ្យដឹងថា ដោយសារគ្មានខ្នងបង្អែករឹងមាំឬជាអ្នករកចំណូលឲ្យលោក គុណ ញឹម អគ្គនាយកគយ ទើបលោក ញឹក ប៊ុនលេខ អាចឈរជើងនៅច្រកតំបន់បឹងត្រកួន យ៉ាងរឹងមាំ។ ឥឡូវនេះលោក ញឹក ប៊ុនលេខ បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ហើយឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ត្រូវបានលោក ញឹក ប៊ុនលេខ យកទៅប្រើជាប្រចាំ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ខ្លះផងព្រោះមេគយច្រកបឹងត្រកួន រូបនេះកំពុងប្រើតួនាទីរបស់ខ្លួនធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះហើយទើបលោក ញឹក ប៊ុនលេខ កាន់តែមានអំណាចធំធេងក្នុងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់យ៉ាងរលូន ហើយសូម្បីតែម៉ូតូស៊េរីទំនើបៗគេចពន្ធនិងរថយន្តចង្កូតស្ដាំក៏ឈ្មួញអាចនាំចូលតាមច្រកបឹងត្រកួននិងច្រករបៀងក្បែរៗនោះយ៉ាងពេញបន្ទុកដែរ។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកបឹងត្រកួនបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ញឹក ប៊ុនលេខ ទេនោះគឺគ្មានឈ្មួញណាអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន បានឡើយ។
ប្រភពដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន បានឲ្យដឹងថា ការដែលលោក ញឹក ប៊ុនលេខ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដូច្នេះលោក ញឹក ប៊ុនលេខ មិនញញើតជាមួយមន្ត្រីគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ នោះទេ។ ជាក់ស្ដែងលោក ញឹក ប៊ុនលេខ ឃុបឃិតឲ្យក្រុមហ៊ុនមួយចំនួននាំចូលជ្រូកពីស្រុកសៀម តាមច្រកបឹងត្រកួន លើសចំនួនកំណត់ ក៏ដូចជាមានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍ទៀតផង។ ទន្ទឹមនឹងនេះលោក ញឹក ប៊ុនលេខ ឃុបឃិតឲ្យឈ្មួញនាំចូលធ្យូងទៅស្រុកសៀម យ៉ាងពេញបន្ទុកក្នុងខណៈដែលព្រៃឈើនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យ។(មានត)