ប្រធានការិយាល័យ ប្រឆាំងការជួញមនុស្ស ប៉េអឹមក្រុងរងការចោទប្រកាន់ ថា គាបសង្កត់ហាងម៉ាស្សា កោស ជប់យកលុយ

ភ្នំពេញៈ លោកសេន កូម៉ុន ប្រធានការិយាល័យប្រឆាំង​ការជួញមនុស្ស​និង​ការ​ពារអនីតិជន នៃកងរាជអាវុធ​ហត្ថ រាជ​ធានីភ្នំពេញ បានរងការចោទ​ប្រកាន់​ពី​សំណាក់ក្រុមអ្នករកស៊ីប្រកប​របរម៉ាស្សា កោសជប់ក្នុងរាជធានីភ្នំពេញ ថាបាន​គាបសង្កត់ពួកគាត់​ឲ្យបង់​លុយប្រចាំខែ។

ក្រុមអ្នករកស៊ីប្រកប​របរម៉ាស្សា កោសជប់ បានត្អូញត្អែរថា ពួកគាត់រក​ស៊ីគឺបានត្រឹមតែម៉ារស់សម្រាប់ចិញ្ចឹមកូនចៅ ហើយរកស៊ីសម្រាប់តែចិញ្ចឹម​​សមត្ថកិច្ចតែប៉ុណ្ណោះ ហើយបើពួកគាត់មិនបង់លុយឲ្យទេ គឺគេរករឿងមិន​បាន​រក​ស៊ី​ទេ​។ ហើយឲ្យតែដល់ខែគឺសមត្ថកិច្ចដែលពាក់ព័ន្ធបាននាំគ្នាមក​យក​លុយពីពួកគាត់។ ហើយ​មាន​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ​ឈ្មោះ សេន កូម៉ុន ប្រធានការិយាល័យប្រឆាំងការ​ជួញដូរ​មនុស្ស និងការពារ​អនិតិជន ផ្លូវ​​ភេទនៃកងរាជអាវុធ​ហត្ថ​រាជ​ធានីភ្នំពេញ បានឲ្យកូនចៅរបស់ខ្លួន​ដើរយកលុយពីពួកគាត់ ប៉ុន្តែ​មិន​បាន​យក​តាម​ការ​ឲ្យតាមសណ្តានចិត្ត​ដូចជា​​​​​​​​សមត្ថកិច្ចផ្សេងទៀតនោះទេ ដោយបានដាក់កំណត់ឲ្យពួកគាត់បង់តាមការ​​ចង់​បាន​របស់​ខ្លួន។

អ្នករកស៊ីប្រកប​របរម៉ាស្សា កោសជប់ បានបន្តថា ចំណែកអ្នកបើក​ហាង​ម៉ាស្សាធំៗ មួយចំនួនធំ អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​មិនដែលហ៊ានទៅទារលុយ​នោះ​ទេ ដោយសារតែមានអ្នកមានអំណាចនៅពីក្រោយ។ ប៉ុន្តែដូចជា​អ្នក​រក​ស៊ី​ដូច​ជា​ពួកគាត់តូចតាចដែលមិនមានខ្នងបង្អែក គឺតែងតែរងការគាបសង្កត់​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ដែលពាក់ព័ន្ធ។

ជាមួយគ្នានេះពួកគាត់ក៏បានសំណូមពរដល់មេប៉ូលិស និងមេប៉េសអឹម​គួរត្រួតពិនិត្យមើលអំពីបញ្ហានេះផងកុំ​បណ្តែត​បណ្តោយឲ្យកូនចៅ​ដើរ​ធ្វើ​បាប​ប្រជាពលរដ្ឋអ្នកប្រកបរបបរកស៊ីតូចតាច រកមួយថ្ងៃសម្រាប់តែមួយថ្ងៃនោះ​លោកសេន កូម៉ុន ដែលរងការចោទប្រកាន់ខាងលើនេះ មិនអាចសុំការ​បំភ្លឺបានទេ។

ទាក់ទងបញ្ហាមន្ត្រីប៉ូលិស ប៉េអឹម ដើរគាបសង្កត់អ្នករកស៊ីប្រកប​របរ​ម៉ាស្សា កោសជប់ មិន​អាច​សុំ​ការ​អត្ថា​ធិ​ប្បាយ​ពី​លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននៅឡើយទេ ដោយទូរស័ព្ទចូលមិនមាន​អ្នកទទួល៕

download