ប្រភពពីមន្ត្រីសាលាស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងថា លោកអភិបាលស្រុកតាវែង និងអភិបាលរងខេត្តរតនគិរីម្នាក់ គឺជាអ្នកសម្របសម្រួលឲ្យមានសកម្មភាពប្រើគ្រឿងចក្រត្រាក់ទ័រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃស្រោងនិងព្រៃសហគមន៍ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។ ជុំវិញបញ្ហានេះថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មិនខ្វល់ពីរឿងកើតមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍និងព្រៃស្រោងក្នុងឃុំតាវែងក្រោម រាប់ពាន់ហិកតានោះទេ។ ផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី និងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី តែងតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងស្រុកតាវែង និងស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរី បន្តកើតឡើងយ៉ាងពេញបន្ទុក។
ប្រភពពីប្រជាសហគមន៍ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងថា ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវបានក្រុមអ្នកមានលុយ អ្នកមានអំណាច ប្រើគ្រឿងចក្រត្រាក់ទ័រប្រភេទដេ៦០ឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី មិនចាត់វិធានការទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយ៉ាងរាលដាលនៅក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី នោះទេ។ ផ្ទុយទៅវិញទាំងសមត្ថកិច្ចចម្រុះចុះទៅពិនិត្យដល់ទីតាំងដែលកើតមានបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងឃុំតាវែងក្រោម គឺក្រុមជនល្មើសបានយកគ្រឿងចក្រចេញបាត់អស់ ហើយចំណាត់ការរបស់សមត្ថកិច្ចចម្រុះបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានលើកឡើងថា បទល្មើសប្រើគ្រឿងចក្រត្រាក់ទ័រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃស្រោង ដីព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតានៅឃុំតាវែងក្រោម ស្រុកតាវែង មានការឃុបឃិតជាប្រព័ន្ធ។ មានន័យថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ មន្ត្រីអាជ្ញាធរថ្នាក់ស្រុក ក៏ដូចជាមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងតំបន់នោះទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែងក្រុមជនល្មើសអាចជម្លៀសគ្រឿងចក្រត្រាក់ទ័រចេញផុតពីកន្លែងកើតមានបទល្មើសមុនពេលសមត្ថកិច្ចចម្រុះទៅដល់ ហើយទីបំផុតសមត្ថកិច្ចចម្រុះបានត្រឹមតែឃើញដីព្រៃរាប់រយរាប់ពាន់ហិកតាដែលគេឈូសឆាយរួចល្វឹងល្វើយដាច់កន្ទុយភ្នែក។ ជាងនេះទៅទៀតនៅពេលពិនិត្យកន្លែងកើតមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋរួចមក គឺក្រុមសមត្ថកិច្ចចម្រុះបានត្រឡប់ក្រោយវិញផងដែរ ធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសនោះទេ។(មានត)