ថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេត្រូវបង់លុយពី៣៥ដុល្លារទៅ៧៥ដុល្លារសម្រាប់ឯកសារដែលគ្មានកំហុស ហើយសម្រាប់ឯកសារដែលមានកំហុសបន្តិចបន្តួចត្រូវក្រុមមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកូនចៅរបស់លោក លឹម សម្បត្តិ គាបយកលុយតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយឲ្យលោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ ដោយហេតុថា ទើបមកកាន់តំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មួយរយៈពេលខ្លីសោះបែរជាលោក លឹម សម្បត្តិ ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមេគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនៗទៅទៀត។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចមកគឺលោក លឹម សម្បត្តិ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ជុំវិញបញ្ហានេះប្រភពដែលស្និទ្ធនឹងលោក លឹម សម្បត្តិ បានឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទើបលោក លឹម សម្បត្តិ ខំប្រឹងប្រព្រឹត្តអំពើពុករលួយស្រង់ដើមយ៉ាងតក់ក្រហល់។ ជាក់ស្ដែងក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក លឹម សម្បត្តិ និងបក្ខពួកគាបយកលុយពីពួកគេតាមអំពើចិត្តដោយគ្មានញញើតអ្វីឡើយ។
ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងៗព្រោះមួយរយៈចុងក្រោយនេះពួកគេត្រូវចំណាយលុយលើតុក្រោមតុបង់ឲ្យលោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ទី១-ត្រូវបង់ឲ្យមន្ត្រីគយទទួលផែនចុះលេខចំនួន៥ដុល្លារ , ទី២-បង់លុយ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកគណនេយ្យ, ទី៣-ត្រូវបង់១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ ហើយត្រូវបង់១០ដុល្លារទៀតសម្រាប់ផ្នែកផែនការ, ទី៤-បង់២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក និងទី៥-បង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារថែមទៀត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក លឹម សម្បត្តិ មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបក្ខពួកខ្លះផងព្រោះពួកគេកំពុងបំពានលើវិធានការកែទម្រង់ស៊ីជម្រៅ។បឋម