ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល បានបង្ហើបឲ្យដឹងថា រថយន្តធំៗផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវបង់លុយតាមការកំណត់របស់លោក ហ៊ុយ ហឿន និងបក្ខពួកមិនអាចតវ៉ាបានឡើយ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធំៗផ្ទុកលើសទម្ងន់រាប់សិបតោនក៏អាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល ខេត្តក្រចេះ បានដែរឲ្យតែឈ្មួញទាំងនោះបង់លុយតាមការកំណត់របស់លោក ហ៊ុយ ហឿន ដែលកំពុងល្បីល្បាញរឿងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដោយឲ្យលោក ហ៊ុយ ហឿន ធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ក្នុងមួយថ្ងៃៗមានរថយន្តធំៗដឹកជញ្ជូនឈើ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់រយគ្រឿងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ យ៉ាងរលូនហើយលោក ហ៊ុយ ហឿន និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនដោយមិនខ្វល់រឿងខូចផ្លូវនោះឡើយ។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ នៅតែឃុបឃិតឲ្យលោក ហ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបលោក ហ៊ុយ ហឿន និងបក្ខពួកហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើន ព្រោះលោក ស្រេង ស្រស់ ជាអ្នកបណ្ដែតបណ្ដោយឲ្យលោក ហ៊ុយ ហឿន និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ហ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល ខេត្តក្រចេះ បន្តសាងភាពល្បីល្បាញខាងពុករលួយ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្រែចារ បានកត់សម្គាល់ថា បច្ចុប្បន្នរថយន្តធំៗដឹកជញ្ជូនឈើលើសទម្ងន់ឬដឹកជញ្ជូនទំនិញលើសទម្ងន់ភាគច្រើនលើសលប់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ យ៉ាងរលូនដោយមិនបាច់ចូលថ្លឹងឡើយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តដឹកឈើលើសទម្ងន់ឬអ្នកបើកបររថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិមានជ័យ គ្រាន់តែបង់លុយតាមការកំណត់របស់លោក ហ៊ុយ ហឿន និងបក្ខពួកគឺអាចបន្តដំណើរទៅមុខដោយគ្មានការរំខាន។ ប្រការនេះហើយទើបផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល ខេត្តក្រចេះ ត្រូវខូចជាច្រើនកន្លែងព្រោះរថយន្តធំៗផ្ទុកឈើលើសទម្ងន់និងផ្ទុកទម្ងន់លើសទម្ងន់អាចបើកបរឆ្លងកាត់ផ្លូវនេះតាមអំពើចិត្ត ព្រោះមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងភូមិមានជ័យ គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។(មានត)