ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករមួយចំនួនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ ខេត្តកណ្ដាល ចូលមករាជរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ក៏ដោយ ក៏ចៀសមិនផុតពីបង់លុយឲ្យលោក ម៉ម ពិសិដ្ឋ និងបក្ខពួកតាមការកំណត់នោះឡើយ។ ចំណែកម្ចាស់រថយន្តធុនធំផ្ទុកទំនិញលើសទម្ងន់រាប់សិបតោន ក៏មិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺគ្រាន់តែបង់លុយតាមការកំណត់របស់លោក ម៉ម ពិសិដ្ឋ អាចបន្តដំណើរទៅមុខយ៉ាងរលូន។ ប្រការនេះហើយដែលធ្វើឲ្យផ្លូវជាតិលេខ២ ខូចជាបន្តបន្ទាប់ហើយស្ពានមួយចំនួននៅលើផ្លូវជាតិលេខ២ ក៏ត្រូវបាក់ស្រុតជាបន្តបន្ទាប់ផងដែរ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ម៉ម ពិសិដ្ឋ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ខេត្តកណ្ដាល តទៅទៀតឡើយ។
រឿងអាស្រូវពុករលួយរបស់លោក ម៉ម ពិសិដ្ឋ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ភូមិត្រពាំងក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងការប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ ត្រូវបានបើកកកាយជាបន្តបន្ទាប់។ បើតាមប្រភពពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ម៉ម ពិសិដ្ឋ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ជាបង្អែករឹងមាំ។ ជាក់ស្ដែងរឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោក ម៉ម ពិសិដ្ឋ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ មិនត្រូវបានលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើដឹងធ្វើឮនៅឡើយទេ។
ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ មុខស្នាក់ការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ភូមិត្រពាំងក្រសាំង ឃុំជើងកើប បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ម៉ម ពិសិដ្ឋ និងបក្ខពួកដែរ។ មានន័យថាលោក ម៉ម ពិសិដ្ឋ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ និងបក្ខពួកនៅតែប្រើប្រាស់ជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល ហើយម្ចាស់រថយន្តធំៗផ្ទុកទំនិញលើសទម្ងន់នៅតែអាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ២ យ៉ាងរលូន។ ក្នុងមួយថ្ងៃៗមានរថយន្តធំៗដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់ ផ្ទុកលើសទម្ងន់ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ រាប់រយគ្រឿងដូច្នេះលោក ម៉ម ពិសិដ្ឋ និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះអាងមានលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ជាអ្នកចាំជួយសម្របសម្រួលគ្រប់ពេលវេលា។បឋម