ឈ្មួញធំៗ​ជាច្រើននាក់​សម្រុកនាំចូល​ទំនិញគេចព​ន្ធនិងទំនិញ​បង់ពន្ធមិនគ្រប់​តាមច្រកព្រំ​ដែនខេត្តត្បូង​ឃ្មុំទាំងយប់​ទាំង​ថ្ងៃ​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​របស់​ឈ្មួញ​ធំៗ​៤​នាក់​កំពុង​បង្កើន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​។ ឈ្មួញ​ទាំងនោះ​មានដូចជា យាយ​ញាប់​, ឈ្មួញ​ឈ្មោះ មាស ម៉ា​ណែ​ត​, ឈ្មួញ​ឈ្មោះ សេង ទី និង​ឈ្មួញ​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ ដែលមាន​អំណាច​ខ្លាំង​ល្បី​ខាង​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ច្រើន​ឆ្នាំ​មកហើយ​។ ក្នុង​មួយថ្ងៃៗ​យ៉ាងតិច​មាន​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង ដោយ​ប្រើ​រថយន្ត​កុងតឺន័រ​និង​រថយន្ត​ធុន​ធំ​ប្រមាណ​ពី​៣០០​ទៅ​៣៥០​គ្រឿង ហើយ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​ធំៗ​ច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​សុខ​ស្រួល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បើតាម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ខ្លះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​ខេត្ត​ត្បូងឃ្មុំ បង្ខំចិត្ត​សម្រួល​ឲ្យ​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកព្រំដែន​ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ កាន់តែ​ច្រើនឡើងៗ​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ទាំងនោះ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ហេតុនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន បាន​ត្រឹម​ជួយ​សម្រួល​ឲ្យ​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​តែប៉ុណ្ណោះ​។ ក្នុងនោះ​ឈ្មួញ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយក៏​មានការ​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ផងដែរ ព្រោះ​ឈ្មួញ​ធំៗ​សុទ្ធតែ​មានបទពិសោធន៍​ក្នុងការ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ជាពិសេស​ក្រុម​គយ​ចល័ត​ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ធំៗ​ទាំង​នោះដែរ ព្រោះ​ពួកគេ​ចេះ​បែងចែក​ផលប្រយោជន៍​តាម​លំដាប់លំដោយ​ជាប្រចាំ​ដើម្បី​ឲ្យ​ជំនួញ​របស់​ពួកគេ​ដំណើរការ​យ៉ាង​សុខ​ស្រួល​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​ភាពមិនប្រក្រតី​ដែល​កើតឡើង​នៅតាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ នោះទេ​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​ក្រុម​ឈ្មួញ​ធំៗ​កំពុងតែ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធរដ្ធ។(មានត)

Capture-2019-03-19-17.12.32 unnamed-file-26-225x300 65823534_382972269272689_8569806442515660800_n