ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ជាពិសេសពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីទាំង៣កន្លែងនៅស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ប៉ុន្តែជាក់ស្ដែងទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការទប់ស្កាត់ឡើយ។ ដូច្នេះហើយទើបលោក ហ៊ុយ សុជាតិ កាន់តែមានឥទ្ធិពលធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុក។ សូម្បីតែលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់ចាត់វិធានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុករបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។
ប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ហ៊ុយ សុជាតិ ដែលជាមេគយខេត្តមណ្ឌលគិរី អាងមានខ្នងបង្អែករឹងមាំកំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងមកនេះលោក ហ៊ុយ សុជាតិ បានឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុកដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ខ្លះផង។ ដោយសារថា លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកមួយចំនួនតូចធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា ឥឡូវនេះលោក ហ៊ុយ សុជាតិ កំពុងយកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកអនុវត្តន៍ក្នុងតួនាទីជាមេគយខេត្តមណ្ឌលគិរី យ៉ាងរលូន។ ការដែលលោក ហ៊ុយ សុជាតិ អាចឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីដាក់ដាំ ក៏ដូចជាច្រកទ្វេភាគីណាំលៀ និងច្រកទ្វេភាគីឡាប៉ាខេ គឺមានការសម្របសម្រួលពីសំណាក់មេគយចល័តក្នុងខេត្តមណ្ឌលគិរី ផងដែរ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធពីសំណាក់លោក ហ៊ុយ សុជាតិ និងក្រុមគយចល័តនៅខេត្តមណ្ឌលគិរី ទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធពីប្រទេសយួនចូលស្រុកខ្មែរតាមច្រកទ្វេភាគីទាំង៣កន្លែងក្នុងខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុក។(មានត)