លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍

ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​កត់សម្គាល់ថា នៅលើ​កំណាត់​ផ្លូវ​នេះ​មាន​ស្ពាន​បាក់ស្រុត​ហើយ​ផ្លូវត្រូវ​ខូច​ជា​បន្តបន្ទាប់ ព្រោះ​មាន​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ទាំងយប់​ទាំង​ថ្ងៃ​។ ជាពិសេស​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង យ៉ាង​រលូន​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​។ ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ បាន​ឲ្យ​ដឹងថា ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នៅ​ស្រុក​កណ្ដាលស្ទឹង គឺ​មិនបាច់​ចូល​ថ្លឹង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះឡើយ​។ មានការ​រិះគន់​ចំៗ​ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​លើផ្លូវ​ជាតិ​លេខ​២ ស្រុក​កណ្ដាលស្ទឹង គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​បំផុត ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សា​ធាណ​ការ​ខេត្តកណ្ដាល ដែលជា​ចៅហ្វាយនាយ​របស់​ពួកគេ​រួចទៅហើយ​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ចំនួន​២​កន្លែង​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ព្រមទាំង​បក្ខពួក​។ ដូច្នេះហើយ​ទើប​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទាំង​២​កន្លែង​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តែម្តង​។

​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ដោយ ឲ្យ​តែ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប និង​ចំណុច​ផ្លូវជាតិ​លេខ​២ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង គឺអាច​បន្តដំណើរ​ទៅមុខ​យ៉ាង​សុខ​ស្រួល​ជាមិនខាន​។ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២​ទាំង​២​កន្លែង​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល តែង​យកឈ្មោះ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មក​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​របស់​ពួកគេ​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​លោក ម៉ឹង យូ​ឡេង កំពុង​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។(មានត)

67057988_212886316264007_7324754346061594624_n 66813575_461652761059617_1656365815718477824_n 67060754_1471000423043204_4879182968238637056_n 67143636_854450501593595_1934818299388887040_n