ប្រភពពីមន្ត្រីគយមួយចំនួននៅក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឈុន សុភមង្គល ទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ជំនួសលោក យូ ហេង រួចមកគឺលោក ឈុន សុភមង្គល មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ក៏ដូចជាទំនិញប្រភេទចំណីអាហារខូចគុណភាពនោះទេ។ ផ្ទុយទៅវិញលោក ឈុន សុភមង្គល ឃុបឃិតជាមួយមេគយចល័តក្នុងខេត្តឧត្ដរមានជ័យ បើកដៃឲ្យលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ មេគយច្រកទ្វារអន្តរជាតិអូរស្មាច់ និងមេគយច្រកជប់គគីរ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្ត្រីគយក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ តែងយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាយកឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកបិទបាំងអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ខ្លួន។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីប្រមូលលុយយ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះលោក កែវ សារ៉ាត់ បានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ និងប្រហិតជាដើមរាប់តោនក្នុងមួយថ្ងៃៗតាមច្រកទ្វារអន្តរជាតិជាំ។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។
ប្រភពដែលស្និទ្ធនឹងលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ដែលជាចៅហ្វាយនាយទេនោះ គឺលោក កែវ សារ៉ាត់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ហើយដឹកជញ្ជូនទៅដល់គោលដៅយ៉ាងសុខស្រួល គឺមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងមេគយចល័តខេត្តឧត្ដរមានជ័យ ផងដែរ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ឈុន សុភមង្គល កំពុងបើកដៃឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ក៏ដូចជាប្រធានការិយាល័យគយនៅច្រកអូរស្មាច់ និងច្រកជប់គគីរ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។បឋម