លោក​ ​ម៉ែន​ ភិរ​ម្យ ​ល្បីថា​ដាក់​ហ៊ុន​ជាមួ​យ ធី​ដើម​ពោធិ៍ ​បើក​ល្បែងស៊ី​សង​ភ្នាល់បា​ល់ តាម​​ប្រព័ន្ធអ​នឡា​ញយី​ហោ​ Sport​ Worl​d 97.​com

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បាននាំគ្នារិះគន់លោកស័ក្តិ៥ ម៉ែន ភិរម្យ ដែល​កំពុង​តែ​ប្រើ​ស្បែក​ជា​ មេបញ្ជាការរងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទៅធ្វើជាបង្អែកឲ្យបនល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ យីហោSport World 97.com ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ដោយដាក់ហ៊ុនហយ ជាមួយឈ្មោះ ធីដើមពោធិ៍ ដែល​ជា​មេបនល្បែងស៊ីសងដុះស្លែ ប្រចាំអាណាចក្រប៉ោយប៉ែត ដោយមិនខ្លាចញញើតចំពោះ បទបញ្ជារបស់រាជរដ្ឋាភិបាល និងការឹតបន្តឹងរបស់ថ្នាក់លើនោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា បនល្បែងដុះស្លែនោះ ជារបស់ឈ្មោះ ធី ហៅ ធីដើមពោធិ៍ បានដាក់ហ៊ុនជាមួយ លោក​ប៉េអឹមពាក់សិក្ត័៥ ឈ្មោះ ម៉ែន ភិរម្យ ជាមេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កំពុង​ក្លាយ​ជា​បន​ល្បែង​ស៊ី​សង​កាលីប រួមមានភ្នាល់បាល់ទាត់ តាមប្រព័ន្ធអនឡាញ ទើបបានប្តូរពីទីតាំងចាស់ ដែលជាលំនៅដ្ឋាន របស់ប៉ូលីស ការិយាល័យទេសចរណ៏ ខេត្តបន្ទាយមានជ័យឈ្មោះ រី ថុល ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់-ក្រុង ប៉ោយប៉ែត មក​ដាក់​នៅ​ទីតាំងថ្មី ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែតដដែល គ្មាននរណាហ៊ានប៉ះពាល់ទេ មិនដឹងជាមាន អាថ៌​កំបាំង​អ្វីនោះ បើទោះបីជាគេដឹងថា ការបើកបនល្បែងស៊ីសង ខុសច្បាប់បែបនេះ ប្រឆាំងគោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់រាជដ្ឋាភិបាល យ៉ាងគឃ្លើនក៏ដោយ។

ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានបញ្ជាក់ថា ពួកអ្នកញៀនល្បែងទាំងនេះ កំពុងតែប្រឆាំងទៅនឹងអនុសាសន៏ ដ៏​ថ្លៃថ្លា​របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាស ជាសាធារណៈថា អាណត្តិថ្មីនេះនឹងមានការ កែទម្រង់ដឹកនាំថ្មី ដ៏​ស៊ី​ជម្រៅ​មួយពោលគឺ យើងត្រូវងូតទឹកដុះក្អែល ឆ្លុះកញ្ចក់ ប៉ុន្តែបើធើ្វមិនបានទេ មុខតែប្រើវិធីសាស្ត្រគ្រូពេទ្យវិញម្តង បើ​ត្រូវ​ព្យាបាលគឺព្យាបាល បើត្រូវកាត់ចោលគឺកាត់ចោលតែម្តង ប៉ុន្តែលោក ម៉ែន ភិរម្យ និងឈ្មោះ ធីដើមពោធិ៍ កំពុងតែជាន់ឈ្លី ចំពោះការប្តេជ្ញាចិត្តបែបនេះ ដោយងងឹតងងល់។ លោក ឳ បូរិន ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ធ្លាប់បាន ណែនាំឲ្យមន្ត្រីថ្នាក់ក្រោម លុបបំបាត់ភាពអសកម្មទាំងអស់ ដើម្បីរួមចំណែកក្នុងការកែទម្រង់ ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ប៉ុន្តែលោក ម៉ែន ភិរម្យ បែរជាធ្វើមិនដឹងមិនឮ។

លោក ម៉ែន ភិរម្យ មេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបានទេ ពាក់​ពន្ធ័​នឹង​ការ​ដាក់​ហ៊ុន​ ឬធើ្វជាខ្នងបង្អែកឲ្យឈ្មោះ ធីដើមពោធិ៍ បើកបនល្បែងស៊ីសង នៅក្រុងប៉ោយប៉ែត ប្រណាំងប្រជែង ជា​មួយ​ក្រុម​ហ៊ុន​កា​ស៊ីណូ ។ ទោះជាយ៉ាងណាក្តី លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏ធ្លាប់បានឲ្យដឹងផងដែរថា បញ្ហា​ល្បែង​ស៊ី​សង​គ្រប់ប្រភេទ មិនឲ្យមានជាដាច់ខាត ដែលភាសារបែបនេះ ហាក់បង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះ​សមត្ថកិច្ច​ដែល​មិន​ស្តាប់ តាមការណែនាំរបស់ថ្នាក់លើ។ ប្រជាពលរដ្ឋចង់ឃើញ សមត្ថកិច្ចចាត់វិធានការ បង្ក្រាប​បន​ល្បែង​ស៊ី​សង​ដ៏​ធំ​មួយ​នេះ​ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដូចជាករណីស្ត្រីម្នាក់ នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ឈ្មោះ​យាយ​វិត ជាមេល្បែងយូគីស្ទូច ដើម្បីបង្ហាញពីតម្លាភាព៕

Wat-02126