ប្រភពពីមន្ត្រីនគរបាលនៅក្នុងអង្គភាពវរការពារព្រំដែនគោកលេខ៩១១ មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ នៅតែយករថយន្តនិងគ្រឿងចក្រកងវិស្វកម្មទៅជីករណ្ដៅដីកាយអាចម៍ដី ហើយដឹកជញ្ជូនអាចម៍ដីលក់ពេញក្រុងប៉ោយប៉ែត ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ សកម្មភាពរបស់លោក សូ ចាន់ណារី ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹងយ៉ាងច្បាស់ព្រោះសកម្មភាពដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មនោះបណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែទាំងលោក អាត់ ខែម និងលោក អ៊ុំ រាត្រី បានរក្សាភាពស្ងៀមស្ងាត់ ហើយបណ្ដោយឲ្យលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់ជុំទិសទាល់តែសោះ។
ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាក់ស្ដែងប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អាត់ ខែម ទេនោះគឺលោក សូ ចាន់ណារី មិនហ៊ានយករថយន្តនិងគ្រឿងចក្ររបស់អង្គភាពទៅជីករណ្ដៅដីធ្វើអាជីវកម្មយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ។ ឥឡូវនេះទង្វើមិនប្រក្រតីរបស់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅច្រករបៀងដែលគ្រប់គ្រងដោយអង្គភាពនគរបាលវរការពារព្រំដែនគោកលេខ៩១១ ក៏មានករណីឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកផងដែរ។ ប្រភពដែលស្និទ្ធនឹងលោក សូ ចាន់ណារី បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទេនោះគឺលោក សូ ចាន់ណារី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនោះទេ។ ឥឡូវនេះរថយន្តនិងគ្រឿងចក្រពាក់ស្លាក ហ.ស ជាច្រើនគ្រឿងនៅតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មរណ្ដៅដីយ៉ាងសុខស្រួល ព្រោះគ្មានមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នៅឡើយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យយ៉ាងទទូច ឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក សូ ចាន់ណារី ខ្លះផងព្រោះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កំពុងសម្ងំស្ងៀម។(មានត)