លោក​ លឹម​ សំបូ​រ និង​លោ​ក ខូយ ​ឃុន​ហួរ ​ប្រមូលលុយពីជ​ញ្ជីងថ្លឹ​ងឡា​នរប​ស់​លោក ​ពេជ្រ រ​ដ្ឋា

ខេត្តកំពត ៖  ​សេចក្តីរាយការណ៍​ពី​ខេត្តកំពត បាន​ឲ្យ​ដឹងថា ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន ២​កន្លែង នៅ​ខេត្តកំពត​ទី​១ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​តានី ស្រុក​អង្គរជ័យ ទី​២ មាន​ទីតាំង​ស្ថិតនៅ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ដោយ​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត​ទាំង ២ កន្លែង​នេះ ដឹកនាំ​ដោយ​លោក ពេជ្រ រដ្ឋា ជា​អនុប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្តកំពត ជា​អ្នកទទួលខុសត្រូវ​។ កន្លងមក​ក្រុម​ជញ្ជីង​ទាំង ២​ទីតាំង​នេះ គេ​មិនសូវ​ឃើញ​ចាប់​ឃាត់ រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ថ្លឹង​ទេ ប៉ុន្តែ​គេ ឃើញ​ក្រុម​តៃកុង​រថយន្ត នៅពេល​បើក​ឆ្លងកាត់ ទីតាំង​ជញ្ជីង​នោះ ឈប់​រថយន្ត​ត​កន្ទុយ​គ្នា ខ្លះ​ចូលទៅ​កត់​ឈ្មោះ រថយន្ត​ឆ្លងកាត់ ដើម្បី​ទុក​ទូទាត់​លុយ​ប្រចាំខែ ចំពោះ​អ្នក​ដែល​ដឹកជញ្ជូន​ទៅមក​ប្រចាំថ្ងៃ ចំណែក​អ្នក​ដែល​យូៗ ត្រូវ​បើក​ឆ្លងកាត់​ម្តង គឺ​ត្រូវ​បង់លុយ​ភ្លាមៗ​ទៅ​ឲ្យ កូនចៅ​របស់លោក ពេជ្រ រដ្ឋា​។​

​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ របស់​ក្រុម​ជញ្ជីង​ខាងលើ​នោះ គឺមាន​ការចូលរួម​បើកភ្លើង​ខៀវ ពី​សំណាក់ លោក​អភិ​បាន​ខេត្ត ខូ​យ ឃុន​ហួរ និង​លោក លឹម សំបូរ ប្រធា​ន​​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ផងដែរ​ទើប​អ្វីៗ អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ ទាំង​លោក ខូ​យ ឃុន​ហ៊ួ​រ និង​លោក លឹម សំបូរ គេ​សង្ស័យថា ទទួលបាន​ផល​ប្រយោជន៍ រាប់សិប​លាន​រៀល ក្នុង​មួយខែៗ​តាមរយៈ​ការបិទ​ភ្នែក បិទ​ត្រចៀក ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត របស់លោក ពេជ្រ រដ្ឋា ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ដោយសារ​តែមាន ការឃុបឃិត​ពី​ថ្នាក់លើ រហូតដល់​ថ្នាក់ក្រោម​នោះ បានធ្វើ​ឲ្យ ក្រុម​ជញ្ជីង​ទាំង ២ កន្លែង​នេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ បង្កើន​សកម្មភាព​ប្រមូល​លុយ ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ គ្មាន​ខ្លាច​ច្បាប់ទម្លាប់​បន្តិច​ណា​ឡើយ​។​

​ប្រធាន​មន្ទីរ លឹម សំបូរ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ ដែល​ល្មមៗ​មិនអាច មាន​នរណាម្នាក់ ហ៊ាន​ក្អក​ជាមួយ​គាត់​ទេ​។​

​ចំណែក​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ធុន​ធ្ងន់​បាន​អះអាងថា ក្រុម​ជញ្ជីង​ទាំង ២​កន្លែង​ខាងលើនេះ ឲ្យ​តែ​អ្នករកស៊ី​បង់លុយ​ឲ្យ​ពួកគេ ទៅតាម​ការ​ទាម​ទារ ទោះជា​ដឹកទំនិញ​លើស​ទម្ងន់​ប៉ុណ្ណា ក៏​ពួកគេ​មិន​ថ្លឹង​ដែរ ប៉ុន្តែ​ទោះជា​ដឹកទំនិញ មិន​គ្រប់​ចំណុះ ក៏ដោយ​ឲ្យ​តែ​មិន​បង់លុយ គឺ​ត្រូវតែ​គេ​ហៅ​ថ្លឹង នាំ​ឲ្យ​ខាត​ពេល​វេលា និង​បង្ខំចិត្ត​ត្រូវតែ​បង់លុយ ឲ្យ​ពួកគេ​ដដែល​ជៀស​មិន​ផុត​។ បញ្ហា​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ បើ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ មិន​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ទេនោះ ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២ កន្លែង​នេះ លែង​ហៅ​ជា​ជញ្ជីង​ថ្លឹង​រថយន្ត លើស​ចំណុះ​ហើយ នឹង​ក្លាយទៅជា​ជញ្ជី​ង​​ថ្លឹង​លុយ និង​ថ្លឹង​តៃកុង​រថយន្ត នាំ​ផ្លូវ​ខូច​កាន់តែ​ធ្ងន់ធ្ងរ ហើយ​​រដ្ឋ​​ត្រូវ​​ចំ​ណា​យ​លុយ​​ធ្វើ​​ផ្លូវ​​ឡើង​វិញ មានការ​បំផ្លាញ​សេដ្ឋកិច្ចជាតិ ដោយសា​តែ​អំពើពុករលួយ របស់លោក ពេជ្រ រដ្ឋា​។

​លោក ពេជ្រ រដ្ឋា នៅពេល​ទូទាត់​លុយ​ចែក​ថ្នាក់លើ និង​ថ្នាក់ក្រោម តែងតែមាន​អំណួត​ទៅកាន់ អ្នកផឹកស៊ី​រួម​តុ​ថា គាត់​មាន​មនុស្ស មាន​វាសនា​ខ្ពស់ រកស៊ី​មិន​ហត់ តែ​រក​ចំណូល​ច្រក​ហោ​បៅ​ផ្ទាល់ខ្លួន រាប់លាន​រៀល​ក្នុង​មួយខែ ហើយ​មិនតែប៉ុណ្ណោះ លោក ពេជ្រ រដ្ឋា បាន​និយាយ​ក្អេងក្អាង​ថា សព្វថ្ងៃនេះ គាត់​ខ្លាច​តែ​ចៅហ្វាយខេត្ត និង​ប្រធាន​មន្ទីរ​របស់គេ​តែ ២​នាក់ ក្រៅពីនោះ​មិន​ខ្លាច​នរណា​ទាំងអស់ បើ​មាន​ស្ថាប័ន​ណាមួយ ចង់​ចាត់ការ​លើ​រឿង​អំពើពុករលួយ ក៏​លោក ពេជ្រ រដ្ឋា មិន​ខ្វល់​ដែរ ព្រោះ​មាន​ចៅហ្វាយខេត្ត និង​ប្រធាន​មន្ទីរ លឹម សំបូរ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ ដែល​ល្មមៗ​មិនអាច មាន​នរណាម្នាក់ ហ៊ាន​ក្អក​ជាមួយ​គាត់​ទេ​។​

Wat-2802