លោក ង៉ាន ណានី ជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មានរឿងអាស្រូវពុករលួយយូរមកហើយ ដោយមន្ត្រីរាជការក្រោមឱវាទ ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងចូលមកកាន់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទិនករណីជាច្រើន ដូចជាការកេងប្រវ័ញ្ចថវិកាអង្គភាពទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន និងគាបសង្កកើមន្ត្រីក្រោមឱវាទរបសើខ្លួន។
ដោយសារមិនអាចទ្រាំទ្របាននូវអំពើពុករលួយនិងការជិះជាន់សង្កត់សង្កិនរបស់លោក ង៉ាន ណានី គេសង្កេតឃើញមន្ត្រីក្រោមឱវាទក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ចំនួន៤៧នាក់ បានធ្វើរបាយការណ៍កម្រាស់៨ទំព័រ ដាក់ជូនលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីរៀបរាប់ភាពមិនប្រក្រតីអំពើពុករលួយនិងភាពអសកម្មរបស់លោក ង៉ា ន ណានី ហើយសុំឲ្យថ្នាក់លើមានដំណោះស្រាយ។ នៅក្នុងរបាយការណ៍ កម្រាស់៨ទំព័រនោះមានរៀបរាប់អំពីចំណុចសំខាន់ៗចំនួន៧ចំណុច គឺទី១ពាក់ព័ន្ធនឹងការរំលោភបំពានលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ទី២.ការកិបកេងប្រេងឥន្ធនៈ ទី៣.ការកិបកេងថវិកាជាតិ តាមរយៈការលក់ចេញពូជស្រូវគ្មានគុណភាពនិងទិញពូជស្រូវបញ្ចូលឃ្លាំងវិញ ទី៤.ការកោសរូសទារប្រាក់ពីមន្ត្រីតាមរយៈការតែងតាំងមុខតំណែងការដំឡើងឋានៈ ទី៥.ការប្រមូលថវិកាពីមន្ត្រីដែលកាន់គម្រោងផ្តាសាយបក្សី ទី៦. ការដកថវិកាពីបេឡាករមន្ទីរដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន និងទី៧.ការប្រមាថមាក់ងាយលើស្ត្រីភេទជាមន្ត្រីក្រោមឱវាទ។
បញ្ហាពូជស្រូវក៏ជារឿងរសើបបំផុតនិងជាបញ្ហាប្រឈមរបស់លោក ង៉ា ន ណានី ព្រោះថាបច្ចុប្បន្ននេះ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ពុំមានសន្និធិពូជស្រូវត្រៀមបំរុងក្នុងឃ្លាំងទេ ដោយមន្ត្រីបានបញ្ជាក់ថាជារៀងរាល់ឆ្នាំក្រសួងកសិកម្មតែងតែបានទម្លាក់ថវិកាឲ្យមកមន្ទីរទិញពូជស្រូវសម្រាប់ត្រៀមបំរុងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ ចំនួន១០០តោន ប៉ុន្តែដោយសារតែការឃុបឃិតជាមួយឈ្មួញ លោក ង៉ាន ណានី បានលក់ចេញនូវពូជស្រូវដែលអន់គុណភាពហើយការប្តូរទិញពូជស្រូវថ្មីបញ្ចូល ឃ្លាំង ក៏ជួបនូវបញ្ហារាំងស្ទះ ព្រោះអ្នកម៉ៅការផលិតពូជស្រូវមិនបាន អនុវត្តន៍តាមបច្ចេកទេសនិងគ្មានគណៈកម្មការចុះទៅត្រួតពិនិត្យនាំ ឲ្យពូជស្រូវដែលត្រូវទិញបញ្ចូលឃ្លាំងមានភាពចម្រូងចម្រាស គណៈកម្មការនិងអ្នកបច្ចេកទេសមិនទទួលស្គាល់ព្រោះស្រូវដែលអ្នកម៉ៅការប្រមូលទិញ មកធ្វើជាស្រូវពូជនោះ គេដឹងថាជាស្រូវចំ ណីចម្រុះប៉ុណ្ណោះ។
ក្រៅពីបញ្ហាពូជស្រូវដែល ជារឿងរសើបនោះ លោក ង៉ាន ណានី ក៏បានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនទៀត ដូចជាការរំ លោភបំពានលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល តាមរូបភាពដែលលោក ង៉ាន ណានី បានយក សិទ្ធិអំណាចរបស់ខ្លួនគាបសង្កត់លើមន្ត្រីរាជការក្រោមឱវាទ ក្នុងការបង្កកការដំឡើងកាំប្រាក់បៀវត្សរ៍មន្ត្រីរាជការនៅក្នុងអង្គភាពមួយចំនួនរយៈពេល៤ទៅ៥ឆ្នាំ ដោយគិតថាមន្ត្រីទាំងនោះប្រឆាំង ការដឹកនាំរបស់គាត់ ប៉ុន្តែសម្រាប់មន្ត្រីដទៃទៀត ដែលធ្វើការងារនៅក្រៅអង្គភាពជាច្រើនឆ្នាំ នៅ តែមានមុខមកបើកប្រាក់ខែយកទៅចែកជូនលោក ង៉ាន ណានី យ៉ាងអយុត្តិធម៌បំផុត៕