ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានអះអាងឲ្យដឹងថា ចាប់តាំងពីប្រកាសនាយប៉ុស្តិ៍ថ្មី ដេីមខែកញ្ញា ជំនួស លោក ប៉ាង ឡេង រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៥នេះភ្លាម ឈ្មួញទាំងធំទាំងតូចបានសម្រុកនាំគ្នា ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកមួយនេះយ៉ាងគំហុកតែម្តង។ ដូច្នេះក្នុងមួយថ្ងៃៗ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ ប្រមូលលុយតាមរបៀបពុករលួយ ព្រោះគ្មានឈ្មួញណាអាចរំលង លោក នាយប៉ុស្តិ៍ទើបឡើងកាន់តំណែងថ្មីៗ ជំនួស នោះបានឡើយ។
អាជីវករក៍ដូចឈ្មួញទាំងតូច ទាំងធំ បានត្អូញត្អែឲ្យដឹងទៀតថា ពួកគាត់បង់លុយតាមការកំណត់
របស់ លោក មេប៉ុស្តិ៍នគរបាលព្រៃវល្លិ៍ ទើបអាចដឹកជញ្ជូនទំនិញឆ្លងកាត់ពីដីវៀតណាម ចូលដីខ្មែរបាន ហើយនរណាក៏ខ្លាចលោក នាយប៉ុស្តិ៍ ទើបកាន់អំណាចថ្មីៗ នោះដែរ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងគំហុក គឺជាប្រភពចំណូលដ៏សំខាន់ របស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ និងបក្សពួកខ្លួន។
ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុក្រោមតុតាមការកំណត់ របស់លោក នាយប៉ុស្តិ៍
ទេនោះ គឺមិនអាចដឹកជញ្ជូនទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោក មេប៉ុស្តិ៍ច្រកនេះ បានទេ។
លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រៃវល្លិ៍ ឡើងកាន់តំណែងថ្មីៗ សាងភាពល្បីល្បាញភ្លាម និងប្រព្រឹត្តទៅយ៉ាងរលូន គឺដោយសារមានកិច្ចសហការជាមួយ លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តអំពើពុករលួយ។
ប្រភពដែលស្និទ្ធនឹងលោក នាយប៉ុស្តិ៍ បានលើកឡើងថា ដោយសារអាងមានខ្នងបង្អែករឹងមាំដើម្បីជួយការពារនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបនាយប៉ុស្តិ៍ ម្នាក់នេះហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួន កាងឈ្មួញនាំទំនិញចូលពីស្រុកយួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនត្រូវបណ្តែតបណ្តោយរឿងនេះតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់នាយប៉ុស្តិ៍ នេះត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា ដោយសារអាងមានលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាខ្នងបង្អែកការពារដ៏រឹងមាំនេះហើយទើបលោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនដែលញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តអំពើពុករលួយ ៕

