មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(ហៅច្រកវ៉ាលឺ)មានការកែទម្រង់ដើម្បីប្រមូលចំណូលក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំងជនស៊ីវិលដើម្បីរកប្រាក់និងប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា គំរាម កំហែងអ្នករកស៊ីដឹកទំនិញមកបិទបាំងនូវភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួន។
ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់ទ្វេគុណជាមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងស្រែទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។ទំនិញភាគច្រើនដែលឆ្លងដែន ចេញពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹក គគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជា ច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកមួយនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយា ល័យគយ ជាការស្រេចតែម្តង។
ប្រភពក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មាន ការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់ កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះដែរ។ មេគយត្រពាំងស្រែកំពុងខំប្រឹងប្រមូលលុយគ្រប់រូបភាពតាមរបៀបពុករលួយ ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញគ្រប់ប្រភេទចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមចូលតាមច្រកមួយនេះទាំងយប់ទាំងថ្ងៃ ដោយសារបើកដៃឲ្យឈ្មួញទាំងនោះបង់ ពន្ធគយតាមរបៀបម៉ៅការ។
ពន្ធម៉ៅការនេះគឺថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ការប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក មេគយ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង ស្រែ(ហៅច្រកវ៉ាលឺ)ព្រោះមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តពុក រលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
សមត្ថកិច្ចនានានៅច្រកព្រំដែនត្រពាំងស្រែ ខ្សឹប ឲ្យដឹងថា លោកមេការិយាល័យ បានឲ្យមន្ត្រីគយនិងភ្នាក់ងារគយរួមទាំងជនស៊ីវិលផងនោះ ដើរគាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញ ចូលឆ្លងកាត់តាមច្រកមួយនេះទៅតាមការបង្គាប់បញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំង នោះ ភាគ ច្រើនគឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយនោះទេ។ហេតុនេះសូមឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវគួរចាត់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែនិងបក្សពួក៕

