​គយ​ចល័ត​តំបន់​៣ របស់ ហង្ស វណ្ណ មិន​ធ្វើការ​បង្ក្រាប​ទំនិញគេចពន្ធ​សោះ កំពុង​សម្ងំ​ប្រមូល​លុយ​ស្រង់ដើម​

អាជីវករ​រកស៊ី​ដឹក​ទំនិញ​បាន​ធ្វើ​ការតវ៉ា​ជាមួយ គយ​ចល័ត​ពី ភ្នំពេញ​ទៅ​ថា គាត់​រកស៊ី​ដឹក​ទំនិញ​ទាំងនេះ​បាន​បង់ពន្ធ​ត្រឹមត្រូវ ហើយ​ហេតុអ្វី គយ​ចល័ត ភ្នំពេញ ចាប់​ទំនិញ​របស់​គាត់​ទៀត ? គយ​ចល័ត​តំបន់​៣ គ្រប់គ្រង​ខេត្ត​ចំនួន​៣​ដូចជា ខេត្ត​កំពង់ស្ពឺ​•​ព្រះសីហនុ និង កោះកុង​។ គយ​ចល័ត​តំបន់​៣ បាន​ឈរជើង​នៅ ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្លូវបំបែក ស្រែអំបិល​ហើយ​ពួកគេ​អាច​ឈរជើង​នៅ វាលរេញ ស្រុក​ព្រៃនប់ មួយកន្លែង​ទៀត​ផង​។​

​ការចុះ​បង្ក្រាប​ទំនិញគេចពន្ធ​របស់ គយ​ចល័ត​ទូទាំង​ប្រទេស រយៈពេល​ជិត​កន្លះ​ខែ​គឺ​បាន​បំបាក់មុខ គយ​ចល័ត​តំបន់​៣ យ៉ាងខ្លាំង​។ កម្លាំង​គយ​ចល័ត​ទូទាំង​ប្រទេស បាន​ចុះ​ចាប់​ទំនិញគេចពន្ធ​បាន​ជាច្រើន​មុខ​ទំនិញ និង​ជា​ច្រើន​កន្លែង​ដូចជា នៅតាម​ម៉ា​ត ឃ្លាំង​ស្ដុក​ទំនិញ​របស់​ចិន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ផងដែរ​។ ករណី​បទល្មើស​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នេះ​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អេស៊ី​យូ និង​អធិការកិច្ច​ក្រសួង សេដ្ឋកិច្ច គួរ​ចុះ​តែ​ពិនិត្យ​មើល​ការងារ​របស់​លោក ហង្ស វណ្ណ ប្រធាន​គយ​ចល័ត​តំបន់​៣ នេះ​ផង​ទាន ថា​តើ​គាត់​កំពុង​ធ្វើ​អ្វីខ្លះ ?

​ការបង្ក្រាប​ទំនិញគេចពន្ធ​ចុង​ទី​ខណៈ​ក្រុម​ឈ្មួញ​រើ​ទំនិញ​ចូល​ឃ្លាំង នៅ ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​រាយការណ៍​មក​ថា ខេត្ត​ព្រះសីហនុ​មាន​ច្រក​ពីរ​សំខាន់ៗ​ដែល​ទំនិញគេចពន្ធ​ឆ្លងកាត់​គឺ ទំនប់រលក និង ស្ទឹងហាវ​។ ករណីនេះ ធ្វើឱ្យ​ប្រភព​ខាងលើ​បាន​លើក​ជា​សំណួរ​គ្មាន​ចម្លើយ​ថា ហេតុអ្វី គយ​ចល័ត​តំបន់​៣ របស់លោក ហង្ស វណ្ណ មិន​ធ្វើ​ការចុះ​បង្ក្រាប​ទំនិញគេចពន្ធ​សោះ​អីចឹង ? តើ​គាត់​កំពុង​សម្ងំ​ប្រមូល​លុយ​ស្រង់ដើម​មែន ? សព្វថ្ងៃ​ទំនិញគេចពន្ធ​កើតមានឡើង​ស្ទើរ​ពេញបន្ទុក​នៅក្នុង ខេត្ត​ព្រះសីហនុ​។​

​ប្រភព​បន្តទៀតថា ក្នុង​មួយ ឡាន​កុងទ័​រតឺ ឈ្មួញ​ត្រូវ​បង់​លុយ​ចំនួន​២៥០​ដុល្លារ​ទៅ​ឱ្យ គយ​ចល័ត​តំបន់​៣ របស់លោក ហង្ស វណ្ណ កាលពីមុន ក៏​ប៉ុន្តែ​ឥឡូវនេះ​ទំនង​ជា​ឡើងថ្លៃ​គឺ​អាច​បង់លុយ ៣០០ ដុល្លារ​ក្នុង មួយ​ឡាន​កុង​ទ័រ តឺ​ខណៈ​មួយថ្ងៃៗ​មាន ឡាន​កុងទ័​រតឺ ធ្វើចរាច​រាប់រយ​គ្រឿង​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤​។ យោង​តាម​អាជីវករ​ម្នាក់​បាន​បង្ហើប​ថា ចំពោះ​ឡាន​ដឹក​ត្រី បន្លែ ផ្លែឈើ ពី​សមុទ្រ​មក ភ្នំពេញ ឬ​ពី ភ្នំពេញ ទៅ​ខេត្ត​ជាប់​សមុទ្រ​បើ​គយ​រកឃើញ​នូវ​បទល្មើស ត្រូវ​បង់លុយ​ក្នុង​មួយ​ឡាន​សាំ​យ៉ុង​ពី​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​សុទ្ធតែ​គ្មាន​វិក័យ​ប​ត្រ​។

​រីឯ​ពេល​ចាប់​រថយន្ត​ដឹក ទំនិញ​ម្តងៗ​បើ​និយាយ​ស្រុះស្រួល​គ្នា​បង់លុយ​ក្នុង​មួយ​ឡាន​២៥០០​ដុល្លារ​បើ​មិន​ស្រុះស្រួល​គ្នា​ទេ ត្រូវ​ពិន័យ​ទាំង​ក្បាល​ឡាន​ទាំង​ទំនិញ​ចាប់ពី ៥០០០ ដុល្លារ ទៅ​៦០០០​ដុល្លារ ក៏​មាន​ជា​ពិសេស ប្រភេទ​ទំនិញ​គ្រឿង​អេឡិចត្រូនិក បង្កប់​ក្នុង​ទំនិញ​ចម្រុះ​។​

​ចំណែក​លោក សែ សុឃន អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​គយ ខេត្ត​ព្រះសីហនុ ដល់​តែ​លោក​ពិនិត្យមើល​ឡើង​វិញ​សិន ព្រោះ​កន្លងមក​មិនដឹងថា ឃ្លាំង​មួយណា​ឱ្យ​ពិតប្រាកដ​។ ទាក់ទង គយ​ចល័ត​តំបន់​៣​ឈរជើង​នៅ​ស្រែ អំបិល ចាំ​រាប់ ក្បាល​ឡាន​កុងទ័​រតឺ យក​លុយ​នោះ​។​

​គួរបញ្ជាក់​ថា ការចុះ​ត្រួតពិនិត្យ​អនុលោមភាព​ទំនិញ​ពី​សំណាក់ គយ​ចល័ត​ទូទាំង​ប្រទេស គឺ​ដើម្បី​ពង្រឹង​ការបង់ពន្ធ​ចូល​ថវិកា​រដ្ឋ​យ៉ាង​តិច​ឱ្យបាន​៥០​ភាគរយ​តាម​ផែនការ​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ កាលពីមុន​ក្រុមអាជីវករ​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​រង្វង់​២០​ភាគរយ​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​រឹតបន្តឹង​ពន្ធគយ​នេះ​ធ្វើឱ្យ រាជរដ្ឋាភិបាល កើនឡើង​ប្រាក់ចំណូល​ពន្ធគយ​គួរឱ្យគត់សម្គាល់​៕